រដ្ឋបាលខេត្តកំពង់ចាមបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
AKP កំពង់ចាម ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦-- នៅសាលាខេត្តកំពង់ចាមមានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានចូលរួមពីសំណាក់ប្រតិភូក្រសួងមហាផ្ទៃ, ឯកឧត្តម កោ វណ្ណឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម, តំណាងអយ្យការអមសាលាដំបូងខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់, អធិការក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកឡើងថា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមពុំមាន Casino និងទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទេតែក្រោយទទួលបានបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានច្បាមជាប់នៅនឹងដៃ និងឈានទៅគ្រប់គ្រងភ្លាមៗនូវគោលដៅសំខាន់ៗចំនួន ៤០២ទីតាំង និងកន្លែងផ្សេងៗចំនួន៧១៤ទីតាំង។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយបានដាក់ចេញញនូវផែនការជាយុទ្ធសាស្ត្រ កំណត់ និងគ្រប់គ្រងបាននូវបណ្តាទីតាំង ដែលសង្ស័យមានការប្រមូលផ្តុំមនុស្សរស់នៅប្រកបអាជីវកម្មផ្សេងៗ ជាលទ្ធផលធ្វើឱ្យក្នុងភូមិសាស្ត្រខេត្តកំពង់ចាមពុំមាន Casino និងទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ គឺយើងបានចាត់វិធានការណ៍ដោយកំណត់គោលដៅមុន ចុះពិនិត្យ និងពង្រាយកម្លាំងតាមគោលដៅ ការចូលពីខាងក្រៅនូវមុខសញ្ញាសង្ស័យបានទាន់ពេលវេលា យ៉ាងមានប្រសិទ្ធភាពបំផុត។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រោមគោលនយោបាយ និងឆន្ទៈ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា នឹងកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយបាន ឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស និងអនុវត្ត នីតិវិធី បណ្តេញចេញទៅប្រទេសជាបន្តបន្ទាប់ ។

ឯកឧត្តម ប៊ុន ហុន បានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តកិច្ចការនេះបន្តទៀត។ ប្រសិនបើយើងមិនអនុវត្តឱ្យបានតឹងរ៉ឹងទេ បទល្មើសមួយនេះវាអាចរាតត្បាតនៅក្នុងប្រទេស ធ្វើឱ្យអន្តរាយប្រទេសរបស់យើង ដោយមានការប៉ះពាល់ដល់ការវិនិយោគ ឬវិស័យទេសចរណ៍ជាដើម។ រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ អនុវត្តនូវវិធានការ និងលិខិតបទដ្ឋានគតិយុត្តដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ផងដែរ៕
ដោយ ឆាយ ម៉ុត





