រដ្ឋបាលខេត្តឧត្តរមានជ័យបើកកិច្ចប្រជុំពិភាក្សាស្ដីពីការត្រៀមរៀបចំពិធីបុណ្យវិសាខបូជា ដើម្បីរំលឹកដល់ព្រឹត្តិការណ៍សក្ដិសិទ្ធិទាំង៣ របស់ព្រះសម្មាសម្ពុទ្ធ
AKP ឧត្តរមានជ័យ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
រដ្ឋបាលខេត្តឧត្តរមានជ័យបើកកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំពិធីបុណ្យវិសាខបូជា ដែលនឹងប្រារព្ធធ្វើនៅវត្តប្រាសាទរាជាសំរោង មានរយៈពេល២ថ្ងៃ ដែលត្រូវនឹងថ្ងៃទី០១ និងទី០២ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ដោយកិច្ចប្រជុំពិភាក្សានេះធ្វើឡើងកាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ និងមានការចូលរួមពីលោក ស៊ឹម វុទ្ធា អភិបាលរងខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ស៊ឹម វុទ្ធា បានលើកឡើងថា បុណ្យវិសាខបូជាគឺជាបុណ្យជាតិ និងជាបុណ្យសកលដែលអង្គការសហប្រជាជាតិបានទទួលស្គាល់ ក្នុងស្មារតីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ការរៀបចំផែនការ និងកម្មវិធីបុណ្យវិសាខបូជា ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដែលមាន ថ្ងៃទី១ (ថ្ងៃសុក្រ ទី០១ ឧសភា ២០២៦) ពិធីដង្ហែជុំវិញព្រះវិហារ និងពិធីប្រកាសវិសាខបូជា នៅលើសាលាធម្មសភា។ ថ្ងៃទី២ (ថ្ងៃសៅរ៍ ទី០២ ឧសភា ២០២៦) ធ្វើពិធីរាប់បាត្រព្រះសង្ឃ ចំនួន២៦៩អង្គ ក្រោមអធិបតីភាពរបស់ឯកឧត្តមអភិបាលខេត្ត។

លោកបន្តថា រដ្ឋបាលក្រុងសំរោងទទួលខុសត្រូវដើម្បីឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងមានសណ្ដាប់ធ្នាប់។ ហេតុនេះរដ្ឋបាលក្រុង ត្រូវធ្វើការតុបតែងរៀបចំដាក់ទង់ជាតិ ទង់សាសនា និងបដាពាក្យស្លោកឱ្យបានស្អាត សម្អាតអនាម័យក្នុង និងក្រៅបរិវេណវត្តឱ្យមានសោភ័ណភាពស្រស់បំព្រង។
លោកអភិបាលរងខេត្តក៏បានជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានផុសផុល ដើម្បីអញ្ជើញមន្ត្រីរាជការ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋចូលរួមឱ្យបានច្រើនកុះករ៕
ដោយ ទិត ស្រ៊





