សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកតា ពុត សឿន ឪពុកធម៌សម្តេចតេជោ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្តល់កិត្ដិយសសួរសុខទុក្ខ លោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកតា ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីនឹករលឹក និងការគិតគូរនូវសុខទុក្ខរបស់ក្រុមគ្រួសារលោកតាគ្រប់ពេលវេលា។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឱ្យលោកតា សម្រាកព្យាបាលឆាប់បានជាសះស្បើយ មានសុខភាពល្អឡើងវិញ។

លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានរាយការណ៍ជូនសម្តេច អំពីស្ថានភាពជំងឺរបស់លោកតា។ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់របស់ក្រុមគ្រូពេទ្យ មកដល់ពេលនេះ ស្ថានភាពរបស់លោកតាមានការប្រសើរច្រើន និងអាចវិលត្រលប់ទៅគេដ្ឋានវិញនៅថ្ងៃចន្ទនេះ ប្រសិនបើមិនមានអ្វីប្រែប្រួល។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក៏ផ្តាំផ្ញើដល់លោកនាយកមន្ទីរពេទ្យ ត្រូវទទួល និងរៀបចំឱ្យបានល្អប្រសើរ ក្នុងការជូនលោកតា និងក្រុមគ្រួសារនៅពេលដែលត្រលប់ទៅគេហដ្ឋានវិញ ប្រកបដោយសុខ និងសុវត្ថិភាព។

លោកតា ពុត សឿន បានចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ មូលហេតុដោយសារ តែស្ថានភាពសុខភាព ខ្សោយពិបាកពិសារអាហារ និងទល់លាមក។ ប៉ុន្តែក្រោយពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ ថ្ងៃនេះលោក តាមានសុខភាពល្អប្រសើរជាងមុន និងពិសារអារហារបានផងដែរ។ លោកតាក៏បានថ្លែងអំណរគុណសម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញសួរសុខទុក្ខនាពេលនេះ និងបានថ្លែងអំណរអរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុក្ខដាក់ ក្នុងការព្យា បាល ថែទាំសុខភាពបានយ៉ាងល្អជូននាពេលនេះ។
សូមបញ្ជាក់ថា លោកតា ពុត សឿន អាយុ ៩៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង។ លោកតា ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងបានសុំការ អនុញ្ញាតលោកតា ធ្វើជាឪពុកធម៌ និងបានធានាចិញ្ចឹមលោកតាពេញមួយជីវិត និងផ្តល់ផ្ទះទេវតា១ខ្នងជូនលោកតា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦៕
ដោយ សួស សំរិត





