ឯកឧត្តមអភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យស្ថានីយផលិតទឹកស្អាតស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម
AKP ព្រះសីហនុ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យមើលស្ថានីយផលិតទឹកស្អាត ដែលមានទីតាំងស្ថិតនៅភូមិកោះរុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។

លោក ឈិន ចន្ថា ចៅសង្កាត់កោះរ៉ុងសន្លឹម បានឱ្យដឹងថា ក្រុមហ៊ុន ស្រ៊ុន ស្រីអូន Water ស៊ុបធ្លាយ ជាក្រុមហ៊ុនផលិតទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបានក្នុងមួយថ្ងៃចំនួន ២ ០០០ម៉ែត្រគូប ក៏ប៉ុន្តែតម្រូវការប្រើប្រាស់ទឹកស្អាតនៅភូមិកោះរ៉ុងសន្លឹមមានចំនួនពី៥០០ ទៅ៨០០ម៉ែត្រគូបក្នុងមួយថ្ងៃ ចំពោះរដូវប្រាំង ២០២៦នេះ ក្រុមហ៊ុន មិនជួបបញ្ហាកង្វះទឹកស្អាតផ្គត់ផ្គង់ជូនអតិថិជនប្រើប្រាស់នោះទេ។
លោកចៅសង្កាត់កោះរ៉ុងសន្លឹមបានបន្ថែមទៀតថា បច្ចុប្បន្នក្រុមហ៊ុនកំំពុងពង្រីកតភ្ជាប់បណ្តាញទឹកស្អាតពីភូមិកោះរ៉ុងសន្លឹមមកកាន់ឆ្នេរកោះរ៉ុងសន្លឹមបន្ថែមទៀតសម្រាប់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ផលិតទឹកស្អាត ស្រ៊ុន ស្រីអូន ដែលបានផលិតទឹកស្អាតបម្រើជូនប្រជាពលរដ្ឋនៅភូមិកោះរ៉ុងសន្លឹម និងការតភ្ជាប់ប្រព័ន្ធទឹកស្អាតមកកាន់ឆ្នេរកោះរ៉ុងសន្លឹមនៅពេលខាងមុខ ព្រោះបញ្ហាទឹកស្អាតក៏ជារឿងមួយសំខាន់ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញចក្ខុវិស័យសំខាន់មានដូចជា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមុំបញ្ចកោណតំណាក់កាលទី១។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុន ត្រូវបង្កើនការផលិតទឹកស្អាតសម្រាប់តម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តនៅតំបន់កោះរ៉ុងសន្លឹមនាពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះនៅទីនេះកំណើនប្រជាពលរដ្ឋ ក៏ដូចជាកំណើនភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់ ដូច្នេះយើងត្រូវព្យាករណ៍ទុកជាមុនសម្រាប់ការប្រើប្រាស់ទឹកស្អាតនៅ១០ ឬ២០ឆ្នាំខាងមុខបន្ថែមទៀត ព្រោះតំបន់កោះរ៉ុង ក៏ដូចជាកោះរ៉ុងសន្លឹម ជាគោលដៅទាក់ទាញទេសចរណ៍ធម្មជាតិសម្រាប់ភ្ញៀវទេសចរនៅពេលអនាគត ម្យ៉ាងទៀតការផលិតទឹកស្អាតក៏ត្រូវគិតគូអំពីគុណភាពទឹកនោះផងដែរ ត្រូវរកប្រភពទឹកដែលមានគុណភាពខ្ពស់ មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕
ដោយ ងូ សុមុនី





