រដ្ឋបាលក្រុងសំរោងជួបសំណេះសំណាល និងផ្ដល់កម្លាំងចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ចំនួន៣២៩នាក់ ដើម្បីត្រៀមលក្ខណៈឱ្យបានល្អបំផុតសម្រាប់សមរភូមិបាក់ឌុបឆ្នាំ២០២៦
AKP ឧត្តរមានជ័យ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
លោកស្រី ហេង សុជាតិ អភិបាលរងក្រុងសំរោង ជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានលើកឡើងថា សកម្មភាព និងសារសាកសួរសុខទុក្ខ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយក្ដីសង្ឃឹម កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំ អាជ្ញាធរអប់រំក្រុង លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សសរុបចំនួន ៣២៩ នាក់។ លោកបានបន្តថា គោលបំណងសំខាន់ ជំរុញស្មារតីសិក្សា ផ្ដល់ការលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យបង្កើនការខិតខំប្រឹងប្រែងរៀនសូត្រ ស្រាវជ្រាវ និងស្វ័យសិក្សា ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។ ការត្រៀមខ្លួនខាងផ្លូវចិត្ត ការថែរក្សាសុខភាព និងការរៀបចំកាលវិភាគសិក្សាឱ្យបានហ្មត់ចត់ ត្រៀមឆ្ពោះទៅកាន់ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខ។

លោកស្រី ហេង សុជាតិ បានថ្លែងថា យុវជនគឺជាសសរទ្រូងនៃប្រទេសជាតិ ហើយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការកសាងអនាគត ។ការយកចិត្តទុកដាក់ពីសាលា បង្ហាញពីការគិតគូរខ្ពស់របស់រដ្ឋបាលក្រុង និងមន្ទីរអប់រំ ក្នុងការជួយសម្របសម្រួល និងគាំទ្រដល់ដំណើរការសិក្សារបស់ក្មួយៗឱ្យបានទៅដោយរលូន។

លោកស្រីអភិបាលរងក្រុងក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំទាំងអស់ ជាពិសេសលោកអភិបាលខេត្ត។ លោកស្រីបានបញ្ជាក់ទៀតថា រដ្ឋបាលក្រុងសំរោងតែងតែនៅក្បែរក្មួយៗជានិច្ច ហើយសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗនឹងក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់អភិវឌ្ឍន៍ខេត ក្រុងយើងឱ្យកាន់តែរីកចម្រើន៕
ដោយ ទិត ស្រ៊





